PRESS RELEASES
សិល្បៈជាមួយគោលបំណង៖ សណ្ឋាគារ រ៉ូសវូដភ្នំពេញ រៀបចំកម្មវិធី ភោជនាហារសប្បុរសធម៌ហ្វារពន្លឺសិល្បៈ
ចូលរួមជាមួយយើងខ្ញុំដើម្បីគាំទ្រដល់ការអប់រំវិជ្ជាជីវៈ និងសិល្បៈរបស់យុវជនខ្មែរក៏ដូចជា សង្គមនិងសហគមន៍ដែលកំពុងតែត្រូវការជំនួយ
March 09, 2022
សណ្ឋាគារ រ៉ូសវូដភ្នំពេញ នឹងរៀបចំពិធីជប់លៀងភោជនាហារសប្បុរសធម៌មួយ ដើម្បីគាំទ្រដល់អង្គការ ហ្វារពន្លឺសិល្បៈ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិល្បៈ ទៅដល់យុវជនខ្មែរ។ កម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសាលកម្មវិធី Salon ១ ជាន់ទី៣៦ នៃសណ្ឋាគារ។ កម្មវិធីសប្បុរសធម៌នេះ មានផ្តល់ជូននូវរាត្រីកាលជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដូចជា៖
- ការស្វាគមន៍ភ្ញៀវកិត្តិយស ជាមួយស្រាក្រឡុក
- ពិសារភោជនាហារ
- ការសម្តែងសៀកផ្ទាល់ដោយយុវជនឆ្នើមពោរពេញដោយភាពច្នៃប្រឌិតរបស់សមាគមហ្វារ និង
- ការដេញថ្លៃសប្បុរសធម៌ រួមមានស្នាដៃសិល្បៈក្នុងស្រុកពិសេសៗ និងបទពិសោធន៍ធ្វើដំណើរបែបប្រណីត។
នៅចុងបញ្ចប់នៃរាត្រីកាលនោះផងដែរ សណ្ឋាគារ រ៉ូសវូដភ្នំពេញ នឹងរៀបចំការចាប់ឆ្នោតផ្តល់រង្វាន់គួរជាទីគាប់ចិត្ត ជូនដល់ភ្ញៀវកិត្តិយស មានសំណាង មួយរូប ជាមួយនឹងរង្វាន់ការស្នាក់នៅក្នុងបន្ទប់ដ៏ធំ និងប្រណីតជាងគេគឺ Norodom House។ រាល់ថវិកា ដែលរកបានទាំងអស់នៅក្នុងកម្មវិធីនេះ រាប់ចាប់តាំងពីការលក់សំបុត្រចូលរួម រហូតដល់ប្រាក់បានពីការដេញថ្លៃសប្បុរសធម៌នឹងត្រូវផ្តល់ជូនទៅ អង្គការហ្វារពន្លឺសិល្បៈ ក្នុងកម្មវិធីជំនួយសង្គម និងកម្មវិធីអប់រំ ព្រមទាំងថ្នាក់រៀនសិល្បៈ ។
អង្គការហ្វារពន្លឺសិល្បៈ ដែលសម្រាយជាភាសាខ្មែរថា «ពន្លឺដ៏ភ្លឺច្បាស់នៃសិល្បៈ» អាចថាមានកិត្តិស័ព្ទល្បីល្បាញដោយសារតែការសម្តែងសៀករហ័សកម្មដ៏អស្ចារ្យ។ ទាំងនេះជាការរៀបរាប់នូវដំណើររឿងខ្មែរដ៏ល្អៗសំខាន់បំផុតតាមរយៈការសម្តែងល្ខោន តន្រ្តី របាំ និងការសម្តែងសៀកសហសម័យ។ ប៉ុន្តែសាលាមួយនេះមានផ្តល់ជូនលើសពីការកំសាន្តដ៏ល្អប្រពៃទាំងនេះទៅទៀត។ មានទីតាំងក្នុងខេត្តបាត់ដំបង ហ្វារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៩រូបនៅពេលដែលពួកគាត់ត្រឡប់មកផ្ទះវិញក្រោយចំណាយពេលអស់ប៉ុន្មានឆ្នាំនៅជំរុំជនភៀសខ្លួន។
ដំបូងឡើយសាលាមិនរកប្រាក់ចំណេញមួយនេះ ផ្តោតលើវគ្គសិល្បៈ និងការអប់រំកម្មវិធីរដ្ឋ ក្រោយៗមកទៀត ហ្វារបានពង្រីកខ្លួនដោយរួមមានការសម្តែងល្ខោន របាំ តន្រ្តី និងសិល្បៈសៀក ដោយបន្ថែមសមត្ថភាពឲ្យសិស្ស និងនិស្សិតបញ្ចប់ការសិក្សាជាមួយជំនាញចាំបាច់សម្រាប់រំដោះខ្លួនចេញពីភាពក្រីក្រ និងមានអាជីពរកប្រាក់ចំណូល។ បច្ចុប្បន្ននេះ ហ្វារ មានផ្តល់កម្មវិធីសិក្សាថ្នាក់មត្តេយ្យជាមួយការរៀនសិល្បៈ ជំនួយប្រាក់ចំណូលសម្រាប់គ្រួសារក្រីក្របំផុតនៅកម្ពុជា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ជំនាញសិល្បៈសូនរូប និងច្រើនទៀត។ សាលានេះមានសិស្សលើសពី១២០០នាក់ ដែលពាក់កណ្តាលនៃពួកគេសុទ្ធតែបានចូលរួមក្នុងថ្នាក់ជំនាញសិល្បៈសូនរូប និងសម្តែង ខណៈពាក់កណ្តាលផ្សេងទៀតបានចូលរួមក្នុងកម្មវិធីអប់រំចំណេះទូទៅរបស់សាលានេះ។
«ហ្វារពន្លឺសិល្បៈបានធ្វើការងារដ៏អស្ចារ្យក្នុងសហគមន៍ ដោយផ្តល់កម្មវិធីសិក្សាថ្នាក់សម្តែង និងសិល្បៈពិសេសសម្រាប់សិស្សានុសិស្សក្មេងៗ» នេះបើតាមសម្តីលោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដោយបន្តថា៖ «រ៉ូសវូដភ្នំពេញ យើងខ្ញុំជឿជាក់ថាការសិក្សាគឺជាមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ និងឱកាស ហើយយើងមានមោទនភាពក្នុងការចូលរួមគាំទ្រដល់អង្គការមួយនេះក្នុងការអប់រំ ការបណ្តុះបណ្តាលជំនាញ និងការគាំទ្រសង្គមសម្រាប់ប្រជាជនខ្មែរដែលងាយរងគ្រោះបំផុត។»
«អស់រយៈពេលជាច្រើនឆ្នាំកន្លងមក យើងធ្លាប់សម្រេចបាននូវការរក្សានិរន្តរភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងបានចំនួន៦០ភាគរយតាមរយៈការលក់សំបុត្រចូលរួមទស្សនាការសម្តែងសៀករបស់យើង។» លោក Osman Khawaja នាយកប្រតិបត្តិអង្គការ ហ្វារពន្លឺសិល្បៈ បានថ្លែងដោយបន្តទៀតថា៖ «ជាអកុសល ជំងឺកូវីដ-១៩ បានធ្វើឲ្យយើងត្រូវបិទការសម្តែង និងបន្សល់ទុកឲ្យពួកយើងជួបជាមួយការធ្លាក់ចុះយ៉ាងគំហុក ចាប់ពីខែមីនា ឆ្នាំ២០២០។ យើងក៏បានបង្កើនការចែកចាយជំនួយបន្ទាន់កាន់តែច្រើនជាងមុនក្នុងសហគមន៍ទៅកាន់អ្នកដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។ ពេលនេះជាពេលត្រូវខិតខំរក្សាជិវិតរស់នៃអង្គការសិល្បៈដ៏វិសេសវិសាល និងជានិមិត្តរូបមួយនេះក្នុងប្រទេសកម្ពុជា។ អរគុណដល់គំនិតផ្តួចផ្តើមប្រកបដោយសាមគ្គីភាពដ៏អស្ចារ្យរបស់សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ យើងនឹងអាចបន្តបេសកកម្មដ៏សំខាន់របស់យើងសម្រាប់អប់រំកូនខ្មែរជំនាន់ក្រោយប្រកបដោយភាពច្នៃប្រឌិត ខណៈពេលអភិរក្សសិល្បៈ និងវប្បធម៌ខ្មែរ។»
ពិធីជប់លៀងភោជនាហារសប្បុរសធម៌ហ្វារពន្លឺសិល្បៈ នឹងប្រព្រឹត្តិនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅ Salon ១ ជាន់ទី៣៦ សណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ។