PRESS RELEASES
ដោយមានកិច្ចសហការក្នុងកម្មវិធីតាំងបង្ហាញជាមួយវិចិត្រសាល FT កម្មវិធីតាំងពិព័រណ៍ហៅថា “វិវរណៈ (revelation)” ផ្ដល់ជាឱកាសឱ្យវិចិត្រករខ្មែរសហសម័យឈានមុខគេនៅកម្ពុជាបានជួបជាមួយ វិចិត្រករគូរគំនូរ វិចិត្រករគូររូបលើជញ្ជាំង និងវិចិត្រកររូបភាព (Illustrator) ដែលសុទ្ធសឹងមានស្នាដៃទទួលស្គាល់កម្រិតសកលដើម្បីអបអរសាទរវប្បធម៌ខ្មែរ។
January 18, 2024
វិចិត្រសាលសិល្បៈនៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានសេចក្ដីសោមនស្សរីករាយក្នុងការបន្តសហការជាមួយវិចិត្រសាល FT នៅក្នុងការតាំងពិព័រណ៍ចុងក្រោយបង្អស់របស់ពួកគេ ដែលហៅថា
“វិវរណៈ(revelation)” នេះ។ ដោយមានការតាំងបង្ហាញនូវរចនាបទសិល្បៈចម្រុះដ៏សម្បូរបែប ការតាំងពិព័រណ៍នេះបានប្រមូលផ្ដុំវិចិត្រករមកពីប្រទេសកម្ពុជា នេប៉ាល់ ស្វីស កាណាដា និងបារាំង ឱ្យមកជួបជុំគ្នា ដោយពួកគាត់មានទំនាក់ទំនងផ្ទាល់ខ្លួនទៅនឹងវប្បធម៌ខ្មែរតាមរយៈមជ្ឈដ្ឋានដែលពួកគាត់ធំធាត់ តាមកេរដំណែលដូនតា និងតាមការធ្វើដំណើរផ្សេងៗ។
ដោយធ្វើការដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កម្មវិធីតាំងពិព័រណ៍ “វិវរណៈ (revelation)” នឹងបង្ហាញស្នាដៃផ្ទាំងគំនូរថ្មីៗចុងក្រោយបង្អស់មួយចំនួនរបស់វិចិត្រករមានឈ្មោះបោះសំឡេងនៅប្រទេសកម្ពុជា។ ក្នុងចំណោមវិចិត្រករទាំងនោះរួមមាន លោក ផល រ៉ាណន់ ដែលជាបុគ្គលធំធាត់ឡើងនៅខេត្តបាត់ដំបងហើយលោកចាប់ផ្តើមគូររូបគំនូរតាំងពីលោកទើបតែមានអាយុប្រាំ បួនឆ្នាំ។ ដោយកេរដំណែលដ៏សម្បូរបែបបានជំរុញចិត្តលោក លោក រ៉ាណន់ ឱ្យផ្ដិតយករូបភាពយ៉ាងល្អិតល្អន់ និងប៉ិនប្រសព្វតាមរយៈស្នាដៃគូររូប និងរូបគំនូររបស់គាត់ អំពីទេសភាពទីកន្លែង និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់បំព្រង។
ដោយមានការដុះខាត់តាំងពីតូចនៅប្រទេសខ្មែរ វិចិត្រករវ័យក្មេងដែលពោរពេញដោយទេពកោសល្យមួយរូបទៀត ឈ្មោះ ញែម សុភាព បានចាប់អារម្មណ៍ស្រលាញ់ការគូររូបគំនូរតាំងពីគាត់មានអាយុ ១៤ ឆ្នាំ ហើយគាត់បានទទួលអាហាររូបករណ៍ពីសាលាវិចិត្រសិល្បៈ យ៉ាម៉ាដា។ ចាប់ពីពេលនោះមក វិចិត្រករប្រកបដោយស្នាដៃ និងធ្លាប់ឈ្នះពានរង្វាន់រូបនេះបានដាក់តាំងបង្ហាញនូវរូបគំនូរប្រេងដ៏ប៉ិនប្រសព្វរបស់គាត់ ដែលជានិច្ចកាលឆ្លុះបញ្ចាំងពីកេរមរតកខ្មែរ និងរួមបញ្ចូលទេវកថាជាមួយនឹងជីវិត លាយលំជាមួយជីវិតសហសម័យ នៅតាមវិចិត្រសាល ទូទាំងសកលលោក។
ក្រុមអ្នករៀបចំវិចិត្រសាលរបស់ វិចិត្រសាល FT ក៏បានធ្វើដំណើរជុំវិញតំបន់អាស៊ី អឺរ៉ុប និងអាមេរិកផងដែរ ដើម្បីស្វែងរកវិចិត្រករដ៏លេចធ្លោ ដោយផ្ដល់ឱកាសឱ្យពួកគេបានជួបជុំគ្នាតាមរយៈទំនាក់ទំនងរបស់ពួកគេដែលផ្សារភ្ជាប់ទៅនឹងវប្បធម៌ខ្មែរ។ ជាក់ស្ដែង វិចិត្រករសហសម័យ ជនជាតិខ្មែរកាត់ហូឡង់ ឈ្មោះ រីហ្សា (Ryysa) រកឃើញអត្តសញ្ញាណវប្បធម៌ដ៏រស់រវើករបស់គាត់តាមរយៈរូបគំនូរ និងផ្ទាំងគំនូរតាមជញ្ជាំង។ ទន្ទឹមនឹងនេះ លោក ហ្វុង គី (FONKi) ដែលមានដើមកំណើតនៅប្រទេសបារាំង ដោយមានឪពុកម្ដាយជាជនភៀសខ្លួនសញ្ជាតិកម្ពុជា បានចាប់ផ្ដើមបង្ហាញសិល្បៈតាមដងផ្លូវបែបខ្មែរ តាមរយៈរូបគំនូរប្រាសាទអង្គរវត្តលើជញ្ជាំង (frescoes) ដែលជាទម្រង់អក្សរក្បាច់ (Kbach-style) និងការបកស្រាយតាមបែបសហសម័យ។
ក្នុងនាមជាអ្នករៀបចំ និងជាម្ចាស់វិចិត្រសាល FT លោក FONKi បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានភ័ព្វសំណាងខ្លាំងណាស់ដែលមានវត្តមានវិចិត្រករមកពីប្រទេសកម្ពុជា និងក្រៅប្រទេស រួមមាននេប៉ាល់ ស្វីស កាណាដា និងបារាំង ដែលសុទ្ធសឹងមានឬសគល់ ឬការយល់ដឹង ការចង់ដឹងចង់ឭ និងក្ដីស្រលាញ់ចំពោះវប្បធម៌តែមួយ”។
ដោយបញ្ចូលបន្ថែមនូវមុំមួយផ្សេងទៀតក្នុងកម្មវិធីតាំងពិព័រណ៍ វិចិត្រករសញ្ជាតិនេប៉ាល់ ឈ្មោះ Imagine ដែលមានឈ្មោះហៅក្រៅថា Sneha Shrestha បានជ្រៀតបញ្ចូលនូវថាមពល និងពណ៌ស្រស់ស្អាត ដោយលាយបញ្ចូលរូប គំនូរលើជញ្ជាំងប្រភទក្រាហ្វីតឌី (graffiti) និងបាលីសំស្រ្កឹតដែលជាភាសាបន្សល់លើសិលាចារឹកបុរាណពីសម័យអាណាចក្រខ្មែរ។ ជាមួយគ្នានេះ វិចិត្រករជនជាតិបារាំងដែលរស់នៅប្រទេសកម្ពុជា ឈ្មោះ Stéphane Delaprée ឬត្រូវបានគេស្គាល់ថា Stef បានគូររូបមានចលនា (buoyant paintings) និងមានពណ៌ភ្លឺស្រស់ ដើម្បីសម្ដែងការសាទរចំពោះផ្ទះថ្មីនៅទីក្រុងភ្នំពេញដែលគាត់បានជ្រើសរើស ហើយលោក Olivier Bonnard ដែលជាវិចិត្រករធ្វើដំណើរជុំវិញពិភពលោក មានទីលំនៅក្នុងទីក្រុង Montreal និងជាវិចិត្រករគូររូបលើជញ្ជាំង បានបង្កើតនូវស្នាដៃសិល្បៈតាមដងផ្លូវដ៏ល្អប្រណីត ដែលជាការបំផុសគំនិតពីប្រវត្តិទេវកថារបស់ខ្មែរ។
លោក Daniel Simon នាយកគ្រប់គ្រង សណ្ឋារគារ រ៉ូសវូដ ភ្នំពេញ បានមានប្រសាសន៍ថា “ផ្ទាំងទស្សនីភាពនៅកម្ពុជា បន្តមានការរីកចម្រើនយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។ “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសដល់ការគាំទ្រដល់ការវិវត្តន៍សិល្បៈនៅក្នុងប្រទេស តាមរយៈការតាំងពិព័រណ៍ដ៏ ពិសេសវិសាលនេះ ដែលភ្ញៀវរបស់យើងអាចទទួលបានបទពិសោធន៍ស៊ីជម្រៅ និងមន្តស្នេហ៍នៃ
វប្បធម៌ខ្មែរពីគ្រប់ទិដ្ឋភាពដ៏ទូលំទូលាយ” ។
“វិវរណៈ” នឹងមានដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ នៅវិចិត្រសាលសិល្បនៃ
សណ្ឋារគារ រ៉ូសវូដភ្នំពេញ ជាន់ទី ៣៥។ ការតាំងពិព័រណ៍បើកស្វាគមន៍ចំពោះសាធារណជនដោយឥតគិតថ្លៃ ដែលអាចចូលទស្សនាបានពេញ ២៤ ម៉ោងជារៀងរាល់ថ្ងៃ។