PRESS RELEASES
ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលទទួលបន្ទុកបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចក្នុងស្រុក កម្មវិធីចុះកម្មសិក្សា និងអាហារូបករណ៍ប្រចាំឆ្នាំដំបូងរបស់សណ្ឋាគារបានទទួលស្វាគមន៍សិស្សដែលជួបការលំបាកចំនួន ១៥ នាក់ ដើម្បីផ្លាស់ប្តូរជីវិតរបស់ខ្លួន តាមរយៈការផ្ដល់អាជីពការងារផ្នែកបដិសណ្ឋារកិច្ចបែបប្រណីត។
February 06, 2023
សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយសូមប្រកាសអំពីការចាប់ផ្តើមកម្មវិធី Open Door របស់ខ្លួនដែលបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដ៏មានតម្លៃក្នុងការសិក្សារៀនសូត្រដល់យុវជនកម្ពុជាដែលជួបការលំបាកក្នុងការបន្តអាជីពផ្នែកបដិសណ្ឋារកិច្ច។ កម្មវិធីចុះកម្មសិក្សា និង
អាហារូបករណ៍ដែលបានបង់ថ្លៃពេញមួយឆ្នាំបានស្វាគមន៍ការបើកសម្ពោធថ្នាក់របស់ខ្លួនសម្រាប់និស្សិតចំនួន ១៥ នាក់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣។
ដោយមានការជ្រើសរើសតាមរយៈកិច្ចសហការជាមួយ សាលាវិជ្ជាជីវៈ EHT Paul Dubrule ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋានក្នុងខេត្តសៀមរាប សិក្ខាកាមជំនាន់ទី ១ នឹងមានឱកាសធ្វើការនៅសណ្ឋាគារប្រណីតឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ និងស្រូបយកចំណេះដឹងពីបុគ្គលិកដែលមានបទពិសោធន៍ខ្ពស់ ស្របពេលដែលពួកគាត់ដកបទពិសោធន៍ការងារនៅក្នុងវិស័យនេះ។ ពួកគាត់ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការរស់នៅក្នុងទីក្រុងភ្នំពេញផងដែរ ដែលជារាជធានីដ៏ស្រស់បំព្រង ដែលអាចជួយឱ្យពួកគាត់ពង្រីកវិសាលភាពចំណេះដឹងផ្នែកសិល្បៈ ស្ថាបត្យកម្ម ប្រវត្តិសាស្រ្ត និងវប្បធម៌ បានគ្រប់ពេល។
លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដភ្នំពេញ បានមានប្រសាសន៍ថា “ពួកយើងសូមកោតសរសើរចំពោះនិស្សិតទាំងអស់ដែលបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំវិជ្ជាជីវៈរបស់ខ្លួនរហូតមកដល់ពេលនេះ”។ “ពួកយើងពិតជាចង់មើលឃើញលទ្ធផលដែលកម្មវិធី Open Door ឆ្នាំ២០២៣ សម្រេចបាន នៅពេលដែលពួកគាត់បានចុះកម្មសិក្សា និងចង់ឃើញថាតើកម្មវិធីនេះមានឥទ្ធិពលដូចម្ដេចខ្លះដល់ខ្សែជីវិតរបស់ពួកគាត់” ។
ដោយអាស្រ័យលើផ្នែកសិក្សាដែលពួកគាត់ជ្រើសរើស សិក្ខាកាមនឹងផ្តោតលើការដុសខាត់ជំនាញធ្វើម្ហូបឬជំនាញធ្វើនំរបស់ពួកគាត់ ឬជួយក្រុមផ្នែកសេវាកម្ម ផ្នែកទីផ្សារ និងផ្នែកថែទាំអនាម័យរបស់សណ្ឋាគារនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ពួកគាត់ក៏នឹងមានឱកាសហ្វឹកហាត់នៅទីតាំងអាហារដ្ឋាន និងភេសជ្ជៈល្បីៗរបស់សណ្ឋាគារ រ៉ូសវូដភ្នំពេញ នីមួយៗផងដែរ។ តាមរយៈការផ្លាស់ប្តូរវេនចុះឡើង សិក្ខាកាមនឹងបានជួបប្រទះនូវមុខម្ហូបប្រចាំតំបន់យ៉ាងច្រើនសម្បូរបែបដែលរួមមានដូចជា អាហារបែបបារាំង និងម្ហូបអាហាររសជាតិបែបខ្មែរនៅភោជនីយដ្ឋាន Brasserie Louis អាហាររជប៉ុនរសជាតិដើមដែលមានរចនាបថបែប izakaya នៅភោជនីយដ្ឋាន Iza ម្ហូបចិនដ៏ប្រណីតនៅភោជនីយដ្ឋាន Zhan Liang សាច់អាំង និងគ្រឿងសមុទ្រនៅភោជនីយដ្ឋាន Cuts ម្ហូប tapas ដ៏ទាន់សម័យ និងស្រាក្រឡុកនៅភោជនីយដ្ឋាន Sora, ស្រាវីស្គី malt តែមួយ (single malt) នៅហាងស្រា Whisky Library អាហារឆ្ងាញ់ៗ និងភេសជ្ជៈនៅភោជនីយដ្ឋាន Living Room និងបង្អែមដ៏ឈ្ងុយឆ្ងាញ់នៅហាង Patisserie។ នៅចុងបញ្ចប់នៃកម្មវិធី Open Door សិក្ខាកាមគ្រប់រូបនឹងស្គាល់ច្បាស់អំពីសិល្បៈនៃបដិសណ្ឋារកិច្ចបែបប្រណីត។
ដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ស្របពេលដែលពួកគាត់ផ្តោតលើការបណ្តុះបណ្តាលនោះ សណ្ឋាគារមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនសិក្ខាកាមនូវការស្នាក់នៅដោយឥតគិតថ្លៃ អាហារប្រចាំថ្ងៃ ប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ ការទូទាត់ថ្លៃសេវាភោជនីយដ្ឋាន ក៏ដូចជាការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់ NSSF ពេញមួយឆ្នាំផងដែរ។
សិក្ខាកាមជំនាន់ទី១នៃកម្មវិធី Open Door មកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដោយពួកគាត់ភាគច្រើនបានចម្រើនវ័យនៅតំបន់ដាច់ស្រយាល និងទីជនបទនៃប្រទេសកម្ពុជា ហើយពួកគាត់កំពុងបន្តការសិក្សាដើម្បីបង្កើតឱកាសថ្មីៗក្នុងជីវិត។ អ្នកខ្លះមានសាច់ញាតិឈឺត្រូវទំនុកបម្រុងនៅផ្ទះ ឬឪពុកម្តាយជំពាក់បំណុលគេដែលពឹងផ្អែកលើជំនួយហិរញ្ញវត្ថុរបស់ពួកគាត់។ ដោយសារតែកត្តាជំរុញទឹកចិត្តរបស់ពួកគាត់ខុសប្លែកពីគ្នាបែបនេះហើយ ទើបពួកគាត់ទាំង ១៥ នាក់មានចំណូលចិត្តខ្លាំងដូចៗគ្នាចំពោះផ្នែក
បដិសណ្ឋារកិច្ច និងមានមហិច្ឆតាក្នុងការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន។
សម្រាប់សិក្ខាកាមជាច្រើននាក់ កម្មវិធីអាហារូបករណ៍នឹងក្លាយជាបទពិសោធន៍ផ្លាស់ប្តូរ ដែលលើសពីជំនាញការងារ ដោយអាចឱ្យពួកគាត់ចាកចេញពីភាពក្រីក្រ និងគ្រប់គ្រងអនាគតរបស់ខ្លួនបាន។ ជាងនេះទៅទៀត កម្មវិធីផ្តល់នូវឱកាសរីកចម្រើនជាច្រើន ស្របពេលនោះក៏បានបណ្តុះការស្រលាញ់ចំពោះមូលដ្ឋានគ្រឹះនៃបដិសណ្ឋារកិច្ចបែបប្រណីត ដែលរួមមានការផ្តល់សេវាកម្មជាក់ស្ដែង ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត ក៏ដូចជាស្តង់ដារលំដាប់កំពូល និងការភ្ជាប់ទំនាក់ទំនងដ៏ពិតប្រាកដផងដែរ។ នៅពេលដែលកម្មសិក្សាបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៣ សណ្ឋាគារ រ៉ូសវូដភ្នំពេញ សង្ឃឹមថាសិស្សម្នាក់ៗមានអារម្មណ៍ថាមានជំនឿចិត្ត ក្នុងការដើរតាមក្តីស្រមៃរបស់ខ្លួន និងបោះជំហានទៅមុខ នៅលើវិថីការងាររបស់ខ្លួន។
លោក Simon បានមានប្រសាសន៍បន្តថា៖ «ពួកយើងមានក្តីរំភើបរីករាយខ្លាំងណាស់ក្នុងការស្វាគមន៍ក្រុមសិក្ខាកាមនៃកម្មវិធី Open Door ជំនាន់ទី ១ របស់យើងនៅសណ្ឋាគារ រ៉ូសវូដភ្នំពេញដែលជាកន្លែងដែលពួកគាត់នឹងធ្វើការជាមួយសមាជិកក្រុមជោគជ័យរបស់យើង»។ “ក្នុងនាមជាផ្នែកមួយនៃការប្តេជ្ញាចិត្តយូរអង្វែងក្នុងការគាំទ្រសហគមន៍មូលដ្ឋានរបស់ពួកយើង វគ្គកម្មសិក្សានេះនឹងខិតខំលើកកម្ពស់ទេពកោសល្យផ្នែកបដិសណ្ឋារកិច្ចជំនាន់ក្រោយនៅប្រទេសកម្ពុជា។ នៅឆ្នាំក្រោយ ពួកយើងនឹងធានាថា និស្សិតវ័យក្មេងដែលមានសមត្ថភាពទាំង ១៥ នាក់នេះ នឹងទទួលបានការអប់រំ ការជួយគាំទ្រ និងការបណ្តុះបណ្តាលលើការងារដែលពួកគាត់ត្រូវការ ដើម្បីទទួលបានជោគជ័យលើអាជីពការងារនៅក្នុងវិស័យនេះ”។