PRESS RELEASES
បំផុសគំនិតដោយក្រណាត់និមិត្តរូបខ្មែរ ការប្រមូលផ្តុំរូបគំនូរអរូបី «តម្បាញ» ដែលនឹងសណ្តំដួងចិត្តអ្នកទស្សនា នៅវិចិត្រសាល រ៉ូសវូដ ភ្នំពេញ ជាមួយពណ៌ ក្រឡាគំនូរ និងមោទកភាពខ្មែរនៅខែក្រោយនេះ។
February 01, 2022
ក្នុងនាមជាអ្នកគាំទ្រដ៏មានមោទកភាពនៃវិស័យសិល្បៈក្នុងស្រុកដែលកំពុងតែរីកលូតលាស់ សណ្ឋាគាររ៉ូសវូដភ្នំពេញ មានកិត្តិយសប្រកាសនូវការសម្ភោធ ពិព័រណ៌គំនូរចុងក្រោយគេបង្អស់ឈ្មោះថា «សរីរសណ្ឋាននៃទម្រង់និងពណ៌ ដោយវិចិត្រករខ្មែរល្បីឈ្មោះលោក ប៉ែន រ៉ូប៊ីត នៅខែកុម្ភៈនេះ។
រ៉ូប៊ីតកើតនៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៩១ គាត់បានបញ្ចប់ការសិក្សាពីសាលាសិល្បៈមិនរកប្រាក់ចំណេញមួយកន្លែងដែលមានឈ្មោះថា សាលាជំនាញសិល្បៈសូនរូបនៃសមាគមហ្វារពន្លឺសិល្បៈ ហើយបានដាក់ពិព័រណ៌ស្នាដៃសង្គមនយោបាយរបស់លោកនៅតាមវិចិត្រសាលក្នុងប្រទេសអូស្រ្តាលី កាណាដា បារាំង និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ។
ការតាំងបង្ហាញ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នៅវិចិត្រសាល នៃ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដែលមានរយៈពេល៣ខែ នឹងមានបង្ហាញនូវការប្រមូលផ្តុំដ៏អស្ចារ្យនូវគំនូរចំនួន២១ផ្ទាំង ដែលផ្ទាំងគំនូរនីមួយៗបង្ហាញពណ៌ស្រស់បំព្រង និងក្រឡាតម្បាញរបស់ក្រម៉ា ដែលជាកន្សែងបង់កប្រពៃណីខ្មែរ។
ដោយប្រើវិធីបណ្តក់ទឹកថ្នាំប្រកបដោយភាពសម្រិតសម្រាំងខ្ពស់ដែលវិធីនេះត្រូវបានណែនាំដោយនិមិត្តរូបវិចិត្រករអរូបីលោក Jackson Pollock លោក រ៉ូប៊ីត បានប្រើពណ៌ប្រេង «បន្តក់ជាសរសៃៗ» និងលាបស្រទាប់ថ្នាំ ដើម្បីបង្កើតស្នាដៃផ្ទាំងគំនូរប្រកបដោយទសន្សីយភាពយ៉ាងស៊ីជម្រៅដែលបើកករកាយនូវមូលបទនានាដូចជា ទេសភាព នគរូបនីយកម្ម ការអភិវឌ្ឍ និងកេរតំណែល។
«ការដាក់តំរៀបស្នាដៃគំនូរក្នុងស្រុក និងអន្តរជាតិបន្តបន្ទាប់គ្នានេះ បើមិនមែនជាប្រព័ន្ធមួយមានលក្ខណៈទ្វេភាគទេ ក៏ជាការបំផុសនូវមនោគតិទ្វិកនិយម (dualistic conception) ក្នុងស្នាដៃច្នៃប្រឌិតរបស់លោករ៉ូប៊ីត ហើយនោះគឺ៖ អំពីភាពវិជ្ជមាន និងអវិជ្ជមាន ជីវិត និងសេចក្តីស្លាប់ ភាពស្រស់ស្អាត និងភាពអាក្រក់ អំណាច និងភាពទន់ខ្សោយ ការពិត និងការស្រមើស្រម៉ៃ ភាពសុខក្សេមក្សាន្ត និងភាពវឹកវរ» នេះបើយោងតាមសម្រង់សម្តីរបស់វិចិត្រករដឹកនាំការពិព័រណ៌មួយរូបនេះ។
លោក រ៉ូប៊ីតបានបំផុសគំនិត និងបង្កើត «សរីរសណ្ឋាននៃទម្រង់និងពណ៌» ក្នុងអំឡុងពេលស្នាក់នៅរយៈពេល៣ខែ នៅវិចិត្រសាល សិល្បៈត្រជាក់ភ្នែក នៅទីក្រុងភ្នំពេញ។ សិល្បៈត្រជាក់ភ្នែក គឺជាជម្រើសទីតាំងសិល្បៈ និងជាវិចិត្រសាលមួយទៀតដែលលោក យាន រស្មី ក្នុងនាមជានាយកគ្រប់គ្រងកម្មវិធីផង ជាអ្នកជោគជ័យខាងរៀបចំសិល្បៈគំនូរ កវីនិពន្ធ និងជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តសិល្បៈផង បានបើកដំណើរការក្នុងឆ្នាំ២០២១ ហើយប្តេជ្ញាធ្វើឲ្យកន្លែងនេះក្លាយជាទីតាំងនាំមុខគេសម្រាប់គំនូរសហសម័យទំនើបនៅប្រទេសកម្ពុជា។ ដោយ «ត្បាញ» បញ្ចូលគ្នានូវរូបរាងនៃសរីរាង្គ និងផ្នែកសំខាន់ៗនៃទីក្រុង ផ្ទាំងគំនូរលើក្រណាត់ដ៏ទាក់ទាញក្រសែភ្នែករបស់ រ៉ូប៊ីត ហាក់ឆ្លុះបង្ហាញនូវអារម្មណ៍នៃការសមាធិប្រកបដោយភាពអត់ធ្មត់ តុល្យភាព និងការគ្រប់គ្រង។
«យើងមានក្តីសោមនស្សក្នុងការរៀបចំសម្ភោធពិធីពិព័រណ៌ដ៏អស្ចារ្យថ្មីមួយនេះ ដែលនឹងបង្ហាញសារជាថ្មីនូវនិមិត្តរូបដ៏ល្អឥតខ្ចោះរបស់អត្តសញ្ញាណខ្មែរ» នេះបើតាមសម្តីរបស់លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ «ចក្ខុវិស័យសិល្បៈរបស់ ប៉ែន រ៉ូប៊ីត គឺជាសក្ខីភាពនៃទេពកោសល្យ និងភាពច្នៃប្រឌិតរបស់ប្រទេសកម្ពុជា ហើយវាគឺជាកិត្តិយសធំមួយក្នុងការគាំទ្រនូវការរុករកថ្មីៗឥតឈប់ឈរនៃកេរតំណែល និងភាពលូតលាស់ទៅមុខជានិច្ច។»
ពិធីពិព័រ «សរីរសណ្ឋាននៃទម្រង់និងពណ៌» នឹងបើកឲ្យចូលរួមជាសាធារណៈចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅវិចិត្រសាលសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ស្ថិតនៅជាន់ទី៣៥ ។ បើកជូនទស្សាជារៀងរាល់ថ្ងៃ ២៤ម៉ោង និងឥតគិតថ្លៃ។