PRESS RELEASES
ដោយជាសមិទ្ធផលមួយសម្រាប់សណ្ឋាគារ ពានរង្វាន់អន្តរជាតិឆ្លុះបញ្ចាំងពីការផ្ដល់បទពិសោធន៍យ៉ាងពិសេសដល់ភ្ញៀវរបស់សណ្ឋាគារ ទន្ទឹមនឹងការលើកកម្ពស់ការយល់ដឹងអំពីប្រទេសកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ដែលមិនគួរមើលរំលង។
July 11, 2023
ដោយស្ថិតនៅទីដ៏ខ្ពស់ក្នុងរាជធានីរបស់ប្រទេសកម្ពុជា សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សណ្ឋាគារបានទទួលពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅអាស៊ី” ដោយ Travel + Leisure’s Luxury Awards Asia Pacific ឆ្នាំ2023។ បន្ថែមពីលើការទទួលស្គាល់អំពីបរិយាកាសដ៏ប្រណីតគ្មានពីររបស់សណ្ឋាគារ សេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន និងការប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្រសិល្បៈ វប្បធម៌ និងសហគមន៍របស់ខ្មែរ ពានរង្វាន់នេះក៏ឆ្លុះបញ្ជាំងឱ្យឃើញផងដែរថាសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ កំពុងក្លាយជាសណ្ឋាគារមួយដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយក៏ជាគោលដៅស្នាក់នៅមួយនៅក្នុងប្រទេសកម្ពុជា។
លោក Daniel Simon នាយកគ្រប់គ្រង សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានប្រសាសន៍ថា “ពានរង្វាន់នេះឆ្លុះបញ្ចាំងពីការបំពេញការងារមិនចេះហត់នឿយរបស់ក្រុមយើងខ្ញុំ ដែលបានប្រកាន់ខ្ជាប់នូវបេសកកម្មរួមគ្នាក្នុងការផ្លាស់ប្តូររបៀបដែលអ្នកធ្វើដំណើរទទួលបានបទពិសោធន៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ”។ “យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ភ្ញៀវដ៏មានតម្លៃរបស់យើងខ្ញុំដែលបានជួយឱ្យសណ្ឋាគារសម្រេចបានសមិទ្ធផលដូចនេះ ក៏ដូចជាអរគុណដល់ដៃគូកិត្តិយសជាច្រើននាក់ទៀតដែលបន្តកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា”។
ជាមួយនឹងសោភ័ណភាពដ៏ល្អប្រណីត រួមនឹងទីតាំងដ៏គួរឱ្យទាក់ទាញនៅលើកំពូលអគារវឌ្ឍនៈ កាពីតាល់ និងសេវាកម្មបំពេញតម្រូវការផ្ទាល់ខ្លួននានាប្រកបដោយការយកចិត្តទុកដាក់ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានក្លាយជាទីកន្លែងមួយដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ2018 រហូតមកដល់បច្ចុប្បន្ន។
លើសពីការផ្តល់កន្លែងស្នាក់លំហែកាយលំដាប់ពិភពលោក សណ្ឋាគារនេះក៏បានប្រែក្លាយខ្លួនទៅជាតួអង្គគន្លឹះក្នុងការផ្សព្វផ្សាយអំពី វប្បធម៌របស់ប្រទេសកម្ពុជាផងដែរ។ ជាផ្នែកមួយនៃទស្សនវិជ្ជា ទីកន្លែងកំពូលលំដាប់ A® របស់ម៉ាកយីហោ រ៉ូសវូដ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានដាក់បញ្ចូលមរតកខ្មែរទៅក្នុងរាល់ការស្នាក់នៅ ជាមួយនឹងជម្រើសបែបសិល្បៈ មិនថាការតុបតែង សិល្បៈម្ហូបអាហារ ស្រាក្រឡុក បទពិសោធន៍ និងផ្សេងៗជាច្រើនទៀតឡើយ។
គំនិតផ្តួចផ្តើមដូចជាបារល្អផ្ដាច់គេទាំង 50 របស់ពិភពលោក ដែលមានអ្នកជំនាញក្រឡុកស្រាជាភ្ញៀវកិត្តិយសដែលមានការទទួលស្គាល់ពីអន្តរជាតិ បានជួយចែករំលែកអំពីភាពរស់រវើកនៃ ទិដ្ឋភាពនៃការរស់នៅរបស់ពលរដ្ឋទីក្រុងភ្នំពេញ ទៅកាន់ភ្ញៀវទូទាំងពិភពលោក ស្របពេលដែលបានបង្កើតបារ Sora ដែលជាបារប្រណីតលំដាប់កំពូលរបស់សណ្ឋាគារ ដែលជាគោលដៅដែលភ្ញៀវមិនអាចមើលរំលងបានក្នុងការមកភ្លក់ស្រាក្រឡុក និងទទួលទានម្ហូបអាហារឆ្ងាញ់ៗដែលធ្វើដោយផ្ទាល់ដៃ។
ដោយធ្វើការអបអរសាទរចំពោះបេតិកភណ្ឌផ្នែកម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេស សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ សហការជាមួយមេចុងភៅដ៏ល្បីប្រចាំកម្ពុជា លោកស្រី រស់ រតនៈ ដែលត្រូវបានគេស្គាល់ថា Chef Nak ដើម្បីចែករំលែករូបមន្ត និងរសជាតិម្ហូបអាហារខ្មែរបុរាណដ៏កម្រជាមួយភ្ញៀវនៅភោជនីយដ្ឋាន Brasserie Louis ។
តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអង្គការក្នុងស្រុក និងព្រឹត្តិការណ៍នានា សណ្ឋាគារបានបញ្ជាក់ពីគោលជំហររបស់ខ្លួន ក្នុងនាមជាអ្នកគាំទ្រឥតងាករេចំពោះអ្នកច្នៃប្រឌិត សហគ្រិន និងអ្នកបង្កើតការផ្លាស់ប្តូរនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្នុងនាមជាដៃគូដែលពោរពេញដោយមោទកភាពក្នុងកម្មវិធី Phnom Penh Designers Week មហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងមហោស្រពអក្សរសិល្ប៍ខ្មែរ សណ្ឋាគារនៅតែបន្តផ្ដល់ឱកាសដល់ធនធានមានទេពកោសល្យរបស់ប្រទេសជាហូរហែរ។
សណ្ឋាគារជួយគាំទ្រសិល្បៈខ្មែរបន្ថែមទៀត ដោយរៀបចំពិព័រណ៍ដ៏គួរឱ្យចាប់អារម្មណ៍នៅសាលវិចិត្រសិល្បៈ ជាន់ទី35 ។ ជាទិសដៅសម្រាប់ការរុករក និងការបញ្ចេញមតិ វិចិត្រសាលតែងតែបង្ហាញស្នាដៃនៃធនធានមានទេពកោសល្យក្នុងស្រុកដែលកំពុងលេចធ្លោ ដើម្បីបណ្តុះវិស័យសិល្បៈ របស់ប្រទេស និងជួយឱ្យសិល្បៈរីកលូតលាស់ក្នុងឆាកអន្តរជាតិ។
ដោយមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះទំនួលខុសត្រូវសង្គម សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានគាំទ្រអង្គការ Phare Ponleu Selpak ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់ភាពអង់អាចដល់យុវជនខ្មែរដែលជួបការខ្វះខាត តាមរយៈការអប់រំ និងសិល្បៈ រួមជាមួយនឹងកម្មវិធីសប្បុរសធម៌ និងការតាំងពិព័រណ៍សិល្បៈ។ លើសពីនេះទៀត សណ្ឋាគារក៏បានណែនាំឱ្យស្គាល់ពីកម្មវិធី Open Door របស់ខ្លួននៅឆ្នាំ2021 ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារដល់ប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាតផងដែរ។
ដោយបូកផ្សំជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ប្រណីត និងសម្ភារបរិក្ខារទំនើបៗប្រកប ដោយភាពសម្បូរបែបរបស់ខ្លួន គំនិតផ្តួចផ្តើមទាំងនេះបានជំរុញឱ្យ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅកម្ពុជា” ដោយ Travel + Leisure’s Luxury Awards Asia Pacific ឆ្នាំ2023 ផងដែរ។ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់របស់មិត្តអ្នកអានដែលយល់ដឹងពីការបោះពុម្ពផ្សាយ ពានរង្វាន់នោះក៏បានចាត់ចំណាត់ថ្នាក់លេខ 2 ដល់ហាងស្ប៉ា Sense, A Rosewood Spa ដែលក្នុងចំណោមប្រភេទហាងស្ប៉ារបស់សណ្ឋាគារផង
ដែរ។ ទន្ទឹមនឹងនេះ ពានរង្វាន់ World Spa Awards បានធ្វើឱ្យ ហាងស្ប៉ា Sense, A Rosewood Spa ក្លាយជា “ហាងស្ប៉ាក្នុងសណ្ឋាគារល្អផ្ដាច់គេនៅកម្ពុជាក្នុងឆ្នាំ2022” ហើយ ភោជនីយដ្ឋាន Cuts ដែលជាភោជនីយដ្ឋានសាច់អាំង និងគ្រឿងសមុទ្រដ៏ស៊ីវីល័យរបស់សណ្ឋាគារ ត្រូវបានដាក់ឈ្មោះថា “ភោជនីយដ្ឋានល្អផ្ដាច់គេនៅកម្ពុជា” ដោយ Travel + Leisure Southeast Asia។
លោក Simon បានមានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសណាស់ក្នុងការទទួលបានការទទួលស្គាល់ដ៏អស្ចារ្យនេះ ដោយចំណុចនេះបានជំរុញឱ្យយើងខ្ញុំបន្តគាំទ្រសិល្បៈ សិល្បៈម្ហូបអាហារ និងសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជាបន្ថែមទៀត”។ “យើងខ្ញុំសូមធ្វើការអញ្ជើញអ្នកដំណើរមកពីគ្រប់ទិសទីជុំវិញពិភពលោក ឱ្យមកទទួលយកនូវបទពិសោធន៍មរតកសិល្បៈ បេតិកភណ្ឌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រទេសនៅ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ”។