PRESS RELEASES
ការតាំងពិព័រណ៍ជាក្រុមនេះ បានរួបរួមវិចិត្រករកម្ពុជា និងវិចិត្រករបរទេស ដើម្បីសម្ដែងការគោរពដល់អតីតកាលដ៏រុងរឿង និងដំណើរវិវត្តន៍ដែលគ្មានគូប្រៀបនៃរាជធានីភ្នំពេញ
October 26, 2023
សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានមោទនភាព ដែលបានចាប់ដៃគូជាថ្មីម្ដងទៀតជាមួយនឹងវិចិត្រសាល Tribe Cambodia ដើម្បីបង្ហាញជូនលោក លោកស្រីនូវការតាំងពិព័រណ៍ “Diamonds Are Forever” ដែលជាកម្មវិធីពិព័រណ៍ជាក្រុមដ៏រស់រវើក ដើម្បីឱ្យលោកអ្នកបានស្វែងយល់ពីដំណើរវិវត្តន៍ពីអតីតកាលនៃរាជធានីភ្នំពេញក្នុងនាមជា “គុជនៃអាស៊ី”។
កម្មវិធីតាំងពិព័រណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការសហការសម្របសម្រួលដោយសហស្ថាបនិក Tribe លោក Nat Di Maggio ដែលនឹងប្រមូលផ្ដុំវិចិត្រករកម្ពុជាចំនួនប្រាំបួនរូប និងវិចិត្រករអន្តរជាតិចំនួនប្រាំមួយរូប ដែលមកនឹងបង្ហាញស្នាដៃសិល្បៈជាច្រើនទម្រង់ ច្រើនបែបបទ និងច្រើនសម័យកាល។
កម្មវិធីតាំងពិព័រណ៍នេះមានចាប់ពីរូបថតបែបស្និទ្ធស្នាលរបស់ Phirom Styles និងគំនូរតថភាពខ្មែរដ៏រស់រវើករបស់លោក ណាក់ ណយ រហូតដល់ផ្ទាំងគំនូរអង្គរបុរាណមានពណ៌ចម្រុះស្រស់ត្រកាលបូករួមជាមួយនឹងទម្រង់បែបសហសម័យរបស់លោក ហួរ សុបិន និងផ្ទាំងគំនូរប្រេងដែលរំឭកនូវការចងចាំល្អៗរបស់លោក ពន្លឺ ដែលបានគូរដោយផ្ចិតផ្ចង់ដោយកាំបិតបៀករបស់លោក។ “Diamonds Are Forever” បង្ហាញឱ្យឃើញអំពីស្នាដៃសិល្បៈដ៏គួរឱ្យស្ញប់ស្ញែងរបស់វិចិត្រកម្ពុជាល្បីៗជាច្រើន។
លោក Daniel Simon អគ្គនាយកនៃ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានប្រសាសន៍ថា “រាជធានីភ្នំពេញ កំពុងតែទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរឱ្យកត់សម្គាល់ ដោយផ្អែកលើគុណសម្បត្តិនានាដែលធ្វើឱ្យរាជធានីនេះក្លាយជាទិសដៅមួយក្នុងចំណោមទិសដៅដ៏អស្ចារ្យបំផុតប្រចាំតំបន់អាស៊ី នៅក្នុងសតវត្សទី ២០” ។ លោកបន្តថា “យើងមិនត្រឹមតែមានមោទនភាពដែលបានក្លាយជាចំណែកមួយនៃការត្រលប់មករកភាពរុងរឿងវិញរបស់រាជធានីនេះប៉ុណ្ណោះទេ តែយើងក៏ចង់ចូលរួមលើកកម្ពស់ធនធានមនុស្សដែលពោរពេញដោយទេពកោសល្យច្នៃប្រឌិតរបស់កម្ពុជា ដែលជាកម្លាំងជំរុញដល់ការរីកចម្រើននេះផងដែរ។”
នៅក្នុងកម្មវិធីពិព័រណ៍នេះ ក៏នឹងបង្ហាញផងដែរអំពីស្នាដៃរបស់វិចិត្រករអន្តរជាតិនានា ដូចជា Carne Griffiths ដែលប្រើប្រាស់ទឹកថ្នាំ តែ និងស្រា ដើម្បីបង្កើតស្នាដៃសិល្បៈគំនូរដ៏រស់រវើក អ្នកថតរូបសខ្មៅ Jo Farrell ដែលផ្ដិតយករូបភាពប្រពៃណី និងវប្បធម៌ដែលបានបាត់បង់ទៅ និង Frank Zhen ដែលស្នាដៃលើផ្ទាំងក្រដាសរបស់លោកបង្ហាញអំពីគំនូរបែបប្រពៃណីចិន និងគំនូរនានាដែលតំណាងឱ្យផ្ទះថ្មីរបស់លោកនៅក្នុងប្រទេសកម្ពុជា។
ជាផ្នែកមួយនៃការតាំងពិព័រណ៍នេះ Seekers Spirits – ដែលជាក្រុមហ៊ុនបិតស្រាជីនឈ្នះពានរង្វាន់ Mekong Dry Gin – នឹងដាក់លក់នូវប្រភេទស្រាជីនដែលមានចំនួនកំណត់ ចំនួន ៦០ ដប ដែលជាស្រា
ជីន “គុជនៃអាស៊ី”។ ស្រាដ៏ពិសេសទាំងនេះ មានបង្ហាញអំពីស្នាដៃសិល្បៈ “គុជនៃអាស៊ី” របស់លោក ណាក់ ណយ ដែលជាការអបអរសាទរដល់កិត្តសព្ទដ៏ល្បីរន្ទឺរបស់រាជធានីភ្នំពេញ ចាប់ពីទសវត្សឆ្នាំ១៩២០ ដល់ទសវត្សឆ្នាំ១៩៧០។ រូបសញ្ញាតំណាងដ៏ស្រស់ឆើតឆាយបង្ហាញនៅលើស្លាក រួមទាំងផ្ការំដួលដែលជាផ្កាតំណាងជាតិកម្ពុជាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ និងផ្លែជីនិភ័របឺរី ដែលតំណាងឱ្យរសជាតិប្រណីតនៃស្រាជីន Seekers និងដើម Irish shamrocks ជារូបភាពដែលសម្ដែងនូវការគោរពចំពោះអតីតសហស្ថាបនិក Tribe លោក Terry McIlkenny។
ប្រាក់ចំណូលទាំងអស់ដែលបានមកពីស្រាជីន នឹងត្រូវបានឧបត្ថម្ភដល់អង្គការ ហ្វារពន្លឺសិល្បៈ ជាអង្គការមិនស្វែងរកប្រាក់ចំណេញមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង ដែលធ្វើការលើការពង្រឹងសិទ្ធិអំណាចដល់សហគមន៍នានា ជាពិសេសកុមារ តាមរយៈសិល្បៈ ការអប់រំ និងការគាំទ្រផ្នែកសង្គម។
ការតាំងពិព័រណ៍នេះនឹងចាប់ផ្ដើមបើកដំណើរការជាមួយនឹងការផ្ដល់ទស្សនីយភាពបែបឯកជនផ្ដាច់មុខនៅថ្ងៃទី ២៨ ខែតុលា ដែលរួមបញ្ចូលការបង្ហាញជូនពិសេសៗពីវិចិត្រករចំនួនបីរូប។
លោក ណាក់ ណយ នឹងចុះហត្ថលេខា និងបង្កើតស្នាដៃច្នៃប្រឌិតតាមតម្រូវការរបស់អតិថិជនលើដបស្រាជីន គុជនៃអាស៊ី ស្របពេលដែលលោក ពន្លឺ និងរៀបចំការសម្ដែងគូរគំនូរផ្ទាល់ ហើយលោក Carne Griffiths នឹងបញ្ចប់ស្នាដៃគំនូរថ្មីរបស់លោកដោយផ្ទាល់ដៃមានឈ្មោះថា “ព្រះរាជបុត្រីសួគ៌ (Heavenly Princess)” ដែលជាសម្ដែងការគោរពដល់សម្ដេចព្រះរាជបុត្រី នរោត្ដម បុប្ផាទេវី អតីតព្រះរាជបុត្រីកម្ពុជា អ្នករបាំ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
“Diamonds Are Forever” នឹងដាក់តាំងបង្ហាញចាប់តាំងថ្ងៃទី ២៦ ខែតុលា ដល់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិចិត្រសាលសិល្បៈនៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ជាន់ទី ៣៥ និងបើកឱ្យចូលទស្សនា ២៤ ម៉ោងក្នុងមួយថ្ងៃ។ បន្ទាប់ពីការបើកឱ្យទស្សនាជាលក្ខណៈឯកជន ការតាំងពិព័រណ៍នេះ នឹងបើកទូលាយជូនដល់សាធារណជនឱ្យចូលរួមទស្សនាដោយឥតគិតថ្លៃ។