PRESS RELEASES
សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីបង្ហាញពីគំនូរដ៏ច្បាស់ដិត និងស្រស់ស្អាតរបស់ដំរី “ឡាក់គី”
តាមរយៈការតាំងពិព័រណ៍ថ្មីរបស់ខ្លួនក្រោមប្រធានបទ “ដំណើរឆ្ពោះទៅ រ៉ូសវូដរបស់ឡាក់គី” សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានខិតខំលើកកម្ពស់ការយល់ដឹងអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា និងអង្គការដែលមានការប្ដេជ្ញាចិត្តបំពេញការងារ ដើម្បីធ្វើយ៉ាងណាឱ្យប្រភេទសត្វដ៏មានតម្លៃទាំងនេះរួចផុតពីការបៀតបៀនផ្សេងៗ។
October 01, 2022
សត្វដំរីមានជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅនៅក្នុងការរស់នៅរបស់ប្រជាជន វប្បធម៌ និងសិល្បៈខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ប៉ុន្ដែថ្ងៃនេះ ប្រភេទសត្វដ៏អស្ចារ្យទាំងនេះកំពុងប្រឈមនឹងការបាត់មុខ ជារៀងរហូតពីព្រៃរបស់ប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រចំពោះវិស័យសិល្បៈ
បរិស្ថាន និងសហគមន៍មូលដ្ឋាន សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានមោទនភាពសូមប្រកាសអំពីកម្មវិធីតាំងពីពណ៌ថ្មីបំផុតរបស់ខ្លួនក្រោមប្រធានបទ “ដំណើរឆ្ពោះទៅ រ៉ូសវូដ របស់ឡាក់គី” ដែលនឹងមានការចូលរួមបង្ហាញពីស្នាដៃសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍អំពីឡាក់គី ដែលជាសត្វដំរីត្រូវបានសង្គ្រោះឱ្យរួចផុតពីការជួញដូរខុសច្បាប់ និងមានទេពកោសល្យពិសេសក្នុងការគូរគំនូរ។
តាមរយៈការសហការរៀបចំជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលជាអង្គការឈានមុខគេក្នុងកិច្ចខិតខំការពារប្រភេទសត្វជិតផុតពូជ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការដាំដុះព្រៃថ្មី កម្មវិធីពិព័រណ៍នេះមានគោលបំណងអបអរសាទរដល់ភាពស្រស់ស្អាតរបស់សត្វព្រៃកម្ពុជា ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការជួញដូរខុសច្បាប់ និងការសឹករិចរិលជម្រកសត្វព្រៃ។ អ្នកជំនាញជឿថា នៅក្នុងប្រទេសកម្ពុជានៅសល់ដំរីព្រៃអាស៊ីចន្លោះតែពី ៥០០ ទៅ ១.០០០ ក្បាលតែប៉ុណ្ណោះ។ ប្រសិនបើគ្មានអន្ដរាគមន៍ និងការគាំទ្រពីក្រុមនានាដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃទេ នោះការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់យកភ្លុកដំរីនឹងបន្ដគំរាមកំហែងដល់ទីជម្រក សុខភាព និងវត្ដមានរបស់សត្វដំរីនៅក្នុងព្រៃជាក់ជាមិនខាន។
ភ្ញៀវដែលចូលទស្សនានឹងមានការកោតសរសើរ និងស្ញប់ស្ញែងចំពោះស្នាដៃសិល្បៈបង្ហាញឱ្យស្គាល់កាន់តែស្គាល់អំពីដំរីឡាក់គី ដែលភ្ញៀវទាំងអស់អាចអញ្ជើញមកទស្សនាដោយផ្ទាល់ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅវិចិត្រសាលរបស់សណ្ឋាគារជាន់ទី ៣៥។ ដំរីអាយុ ២៣ ឆ្នាំ មានទេពកោសល្យពិសេសដែលរស់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ (PTWRC) ក៏មានសាច់រឿងរ៉ាវដ៏សែនរីករាយដោយបានជាសះស្បើយឡើងវិញ ទទួលបាននូវការស្រឡាញ់ និងការផ្ដល់សិទ្ធិសេរីភាព។ នៅឆ្នាំ ១៩៩៩ នៅពេលដែលឡាក់គីមានអាយុ ៦ ខែ ដំរីកំព្រាមេបានេះត្រូវបានរកឃើញរស់នៅតែម្នាក់ឯងនៅក្នុងព្រៃខេត្តកោះកុង ហើយត្រូវបាននាំយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាពពីការយាយីរបស់អ្នកជួញដូរ។
ប្រធានផ្នែកថែទាំសត្វនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ទ្រី ស៊ីថេង បានចិញ្ចឹមថែទាំឡាក់គី ឱ្យមានសុខភាពល្អឡើងវិញ ដោយមានទាំងការបំបៅទឹកដោះគោដបអស់រយៈពេលពីរឆ្នាំ ហើយពេលខ្លះថែមទាំងបានដេកនៅក្បែរវាក្នុងអង្រឹងដើម្បីធ្វើឱ្យកូនសត្វនេះមានអារម្មណ៍ថាមានសុវត្ថិភាពផងដែរ។ នៅពេលក្រោយមកទៀត លោក ទ្រីចាប់ផ្ដើមបង្រៀនឡាក់គីឱ្យចេះគូរគំនូរ ដែលជាជំនាញធ្វើឱ្យដំរីនេះទទួលបានរីករាយ និងជួយវាអាចតស៊ូនឹងការឈឺចាប់ដែលធ្លាប់ឆ្លងកាត់កាលពីនៅក្មេង។
លោក Nick Marx នាយកនៃកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃបានមានប្រសាសន៍ថា “ស្នាដៃសិល្បៈរបស់ឡាក់គី គូសបញ្ជាក់ពីសារសំខាន់នៃការការពារសត្វព្រៃ និងព្រៃឈើរបស់កម្ពុជា”។ “គំនូរដ៏អស្ចារ្យ និងបង្កប់ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ក៏បានបង្ហាញពីទំនាក់ទំនងក្ដីស្រឡាញ់ដែលមនុស្ស និងសត្វអាចមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងបរិយាកាសដែលមានសុវត្ថិភាព និងសុខភាពល្អ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សង្ឃឹមថាស្នាដៃសិល្បៈនេះនឹងជួយឱ្យមនុស្សជំនាន់ក្រោយអាចមើលឃើញ និងបានស្គាល់ប្រភេទសត្វដ៏ប៉ិនប្រសប់ទាំងនេះ ដែលសត្វខ្លះស្ទើរតែផុតពូជទៅហើយ ហើយមានការយល់ដឹងកាន់តែច្រើនអំពីការជួញដូរសត្វព្រៃខុសច្បាប់។ នៅពេលពលរដ្ឋទាំងអស់យល់ដឹងកាន់ច្រើនអំពីសត្វព្រៃ យើងសង្ឃឹមថាការជួញដូរសត្វព្រៃខុសច្បាប់នឹងមានការថយចុះ”។
ស្នាមជក់ដ៏ឆើតឆាយ និងមានភាពរស់រវើករបស់សត្វដំរី និងបុគ្គលិកលក្ខណៈដ៏វាងវៃរបស់ឡាក់គីធ្វើឱ្យឡាក់គី ក្លាយទៅជាតារាឯកអគ្គរដ្ឋទូតនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជួយសង្រ្គោះ សត្វគ្រប់ប្រភេទរាប់ចាប់ពីដំរីអាស៊ី រហូតដល់ខ្លា ទោច ទីទុយ សត្វស្លាប ព្រមទាំងប្រភេទសត្វផ្សេងៗជាច្រើនទៀត។ ជម្រកដែលលាតសន្ធឹងលើផ្ទៃដី ៦០០០ អា គឺជាទីលំនៅរបស់សត្វមានជីវិតដ៏ស្រស់ស្អាតជាង ១៤០០០ ក្បាល ហើយវាក៏ជាផ្នែកមួយនៃគម្រោងបង្កើតព្រៃឈើឡើងវិញជាថ្មីដ៏ធំមួយដែលដំណើរការដោយរដ្ឋបាលព្រៃឈើកម្ពុជាសហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
លោក Daniel Simon នាយកគ្រប់គ្រងនៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានមានប្រសាសន៍ថា “ក្រុមការងារផ្សេងៗដូចជា មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសារទាំងនេះ និងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជានៅក្នុងការអភិរក្សសត្វព្រៃ” ហើយ “ការផ្ដល់កិច្ចគាំទ្រដល់ក្រុមការងារទាំងនេះ គឺជាចំណុចស្នូលសំខាន់ នៃគោលដៅរបស់ រ៉ូសវូដ។ តាមរយៈកម្មវិធីបង្កើនប្រសិទ្ធភាពរបស់ រ៉ូសវូដ យើងមានគោលបំណងលើកទឹកចិត្ត ពង្រីក និងកែលម្អការរស់នៅរបស់ប្រជាជន ក៏ដូចជាបរិស្ថាននៅលើភពផែនដីផងដែរ។ យើងធ្វើការវាស់វែងប្រសិទ្ធភាពនៃការកែលម្អនោះមួយចំនួនតាមរយៈ Rosewood Sustains ដែលជាការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ យើងមានមោទនភាពដែលបានជួយគាំទ្រមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងខិតខំបំពេញកិច្ចការដែលជាកាតព្វកិច្ចរបស់យើងក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាជនកម្ពុជាទាំងអស់”។
កម្មិវិធីពិព័រណ៍ស្ដីពី “ដំណើរឆ្ពោះទៅ រ៉ូសវូដរបស់ឡាក់គី” នឹងបើកជូនទស្សនាចាប់ពីថ្ងៃទី ២៨ កញ្ញា រហូតដល់ ថ្ងៃទី ២៨ តុលា ២០២២ នៅវិចិត្រសាលនៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ
ជាន់ទី ៣៥។ ការតាំងពិព័រណ៍នេះបើកជូនសាធារណៈជនទស្សនា ២៤ ម៉ោង ជារៀងរាល់ថ្ងៃ។ ប្រាក់ចំណូលពីការលក់ផ្ទាំងគំនូរនឹងត្រូវប្រើប្រាស់សម្រាប់ការទិញអាហារ និងការថែទាំសុខភាពសត្វដែលត្រូវបានជួយសង្គ្រោះនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទាំងអស់។”